សុក្រ , 08 កក្កដា 2022
សំបុត្រសម្រាប់ការប្រកួតមិត្តភាពរវាង Liverpool និង Man United ក្នុងទីក្រុងបាងកក មានតម្លៃថ្លៃជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទៅទៀត
ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតជាមួយហង្សក្រហម Liverpool ក្នុងការប្រកួតមិត្តភាព ក្នុងទីក្រុងបាងកក នៅថ្ងៃទី 12 ខែកក្កដា នៅកីឡដ្ឋាន Rajamangala ជាមួយនឹងតម្លៃសំបុត្រខ្ពស់ជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទៅទៀត។
វាហាក់បីដូចជាអ្នករៀបចំកម្មវិធីកំពុងកើបលុយ ក្រោមលេសដំណើរទស្សនកិច្ចមុនបើករដូវកាល ព្រោះថាតម្លៃសំបុត្រថ្លៃសឹងមិនគួរឲ្យជឿ។
ចំពោះតម្លៃសំបុត្រ មានចំនួន 7 ប្រភេទ ដែលមានតម្លៃ ចាប់ពី 5,000 បាត(202 ដុល្លារ) រហូតដល់ 25,000 បាត(1,014 ដុល្លារ)។ តម្លៃសំបុត្រនេះពិតជាថ្លៃ បើប្រៀបធៀបទៅនឹងសំបុត្រ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2022។ តម្លៃសំបុត្រ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2022 មានតម្លៃចាប់ពី 72.90 ដុល្លារដល់ 718.30 ដុល្លារ តែប៉ុណ្ណោះ។
ទាំងនេះជាតម្លៃសំបុត្រទាំង៧ប្រភេទ សម្រាប់ការប្រកួតមិត្តភាពរវាង នៅទីក្រុងបាងកក៖
១. ២៥,០០០ បាត
២. ២២,០០០ បាត
៣. ២០,០០០ បាត
៤. ១៥,០០០ បាត
៥. ១២,០០០ បាត
៦. ៧,០០០ បាត
៧. ៥,០០០ បាត
គួរបញ្ជាក់ថា ការប្រកួតនេះ នឹងក្លាយជាការប្រកួតដំបូងនៃដំណើរទេសចរណ៍រដូវក្តៅរបស់ Liverpool ហើយវានឹងជាការវិលត្រឡប់របស់ពួកគេ ទៅកាន់ទីក្រុងបាងកក ជាលើកដំបូង ចាប់តាំងពីឆ្នាំ 2017។
សម្រាប់ Man United វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេទៅកាន់រដ្ឋធានីថៃ ចាប់តាំងពីឆ្នាំ 2013។ បិសាចក្រហម នឹងហោះហើរទៅកាន់ប្រទេសអូស្ត្រាលី សម្រាប់ការធ្វើដំណើរលើកដំបូងរបស់ពួកគេទៅកាន់ទីក្រុងមែលប៊ន ហើយអ្នកគាំទ្របិសាចក្រហម នឹងអាចឃើញពួកគេលេងនៅ Melbourne Cricket Ground ទល់នឹងក្រុម Melbourne Victory នៅថ្ងៃទី 15 ខែកក្កដា និងជាមួយគូប្រជែង EPL ក្រុម Crystal Palace នៅថ្ងៃទី 19 ខែកក្កដា៕
សូមបញ្ចេញមតិនៅទីនេះ