អង្គារ , 05 កក្កដា 2022
កីឡាករចាស់វស្សា Ashley Young បន្តកុងត្រាមួយឆ្នាំទៀតជាមួយ Aston Villa
ខ្សែបម្រើ Ashley Young បានបន្តកុងត្រារយៈពេលមួយឆ្នាំទៀតជាមួយក្លិប Aston Villa។ អតីតកីឡាកររបស់ Manchester United បានត្រលប់មកកាន់ Villa ដោយគ្មានតម្លៃខ្លួន ផ្លាស់ពី Inter Milan កាលពីរដូវក្ដៅមុន។
Young វ័យ៣៦ឆ្នាំបានបន្ថែមកុងត្រាថ្មីជាមួយ Villa បន្ទាប់ពីកិច្ចសន្យាចាស់របស់គេបានអស់កាលពីសប្ដាហ៍មុន។ អ្នកចាត់ការ Steven Gerrard និងក្រុមការងារនៅតែចាត់ទុកកីឡាករសញ្ជាតិអង់គ្លេសខាងលើជាគំរូសំខាន់ទាំងក្រៅនិងក្នុងទីលាន។
កុងត្រាថ្មីនេះបានធ្វើឲ្យ Young បន្តជួយ Villa សម្រាប់យុទ្ធនាការប្រកួតរដូវកាល២០២២-២៣។ ក្រៅពី Young ក្លិប Aston បាននាំចូលសមាជិកថ្មី៤រូបរួចទៅហើយនៅរដូវក្ដៅនេះ ក្នុងនោះ Philippe Coutinho បានផ្ទេរជាផ្លូវការមកកាន់ក្រុមក្នុងតម្លៃខ្លួន១៧លានផោនពី Barca ក្រោយខ្ចីជើងលេងមួយរដូវកាល។
ខ្សែបម្រើការពារ Boubaca Kamara ផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លិប Marseille មួយសប្ដាហ៍មុនពេលអ្នកចាំទី Robin Olsen ចុះកុងត្រាជាកីឡាករអចិន្ត្រៃយ៍។ក្នុងនោះ Villa ក៏បានទិញខ្សែការពារសញ្ជាតិប្រេស៊ីល Diego Carlos ពី Sevilla ក្នុងតម្លៃខ្លួន២៦លានផោន និងទទួលបានថ្លៃពលកម្ម១០ម៉ឺនផោនក្នុងមួយសប្ដាហ៍៕
សូមបញ្ចេញមតិនៅទីនេះ