អង្គារ , 05 កក្កដា 2022
ទីបំផុត ក្លិបបិសាចក្រហម ទិញបានកីឡាករចំណូលថ្មីដំបូងរបស់ខ្លួន ក្នុងទីផ្សារដោះដូរដូវក្ដៅនេះ
នៅទីបំផុត ក្លិបបាល់ទាត់ Manchester United អាចនាំយកីឡាករចំណូលថ្មីម្នាក់ហើយក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ដោយបានសម្រេចចិត្តនាំយកខ្សែបម្រើដែលពោពេញដោយបទពិសោធន៍ច្រើនឆ្នាំសញ្ជាតិដាណឺម៉ាក កីឡាករ Christian Eriksen មកកាន់ទឹកដីOld Trafford ដោយគ្មានតម្លៃខ្លួន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្លិបបិសាចក្រហម បានផ្តល់កិច្ចសន្យាដល់ខ្សែបម្រើវ័យ៣០ឆ្នាំ រូបនេះ រយៈពេល៣ឆ្នាំ ក្រោយកិច្ចសន្យារបស់គេនៅក្លិប Brentford បានអស់សុពលភាព។
មែនទែនទៅ ការផ្ទេរដោយគ្មានតម្លៃខ្លួនរបស់ Man United ជាមួយនឹង Eriksen គឺមានការចូលរួមចំណែកយ៉ាងសំខាន់ពីលោក Erik ten Hag ដែលជាគ្រូបង្វឹកថ្មី ហើយគឺជាកត្តាសំខាន់សម្រាប់កិច្ចព្រមព្រៀងនេះ ដោយរូបលោកបានទូរស័ព្ទទៅ Eriksen ពីរដង ដើម្បីពន្យល់ពីគម្រោងដឹកនាំរបស់គាត់។
គួរបញ្ជាក់ផងដែរថា Christian Eriksen បានប្រកបអាជីបនៅក្លិបធំៗដូចជា Ajax នៅលីគកំពូលហុល្លង់ បន្ទាប់មកឆ្នាំ ២០១៣ ក៏ចូលរួមជាមួយនឹងមាន់ខ្នាយមាស Tottenham Hot Spur នៅលីគកំពូលអង់គ្លេសរយៈពេល៧ឆ្នាំ ហើយក៏បន្តដំណើរផ្សងព្រេងក្នុងជីវិតបាល់ទាត់របស់ខ្លួនដោយចាកចេញទៅប្រកបអាជីបនៅលីគកំពូលអ៊ីតាលីជាមួយនឹងក្លិប Inter Milan ២រដូវកាល ហើយក៏ស្ទើរតែបញ្ចប់អាជីបបាល់ទាត់របស់ខ្លួនជាមួយនឹង Inter Milan ក្រោយរូបគាត់មានបញ្ហាបេះដូងធ្ងន់ធ្ងរកំឡុងការប្រកួតទល់នឹងក្រុមជម្រើសជាតិហ្វាំងឡង់ក្នុងព្រឹត្តិ្កការណ៍យ៉ូរ៉ូ២០២០ កាលពីឆ្នាំមុន។
យ៉ាងណាមិញ តែអ្វីៗក៏បានប្រសើរឡើងវិញ ធ្វើឱ្យរូបគេបានមកចូលរួមជាមួយនឹងក្លិប Brentford នៅលីគកំពូលអង់គ្លេស និង ចូលរួមជាមួយនឹងក្លិប Manchester United ដែលនឹងមានការប្រកាសផ្លូវការនាពេលឆាប់ៗនេះ៕
សូមបញ្ចេញមតិនៅទីនេះ