ច័ន្ទ , 04 កក្កដា 2022
ពានរង្វាន់ Africa Cup of Nations ត្រូវលើកពេលប្រកួត
តាមការប្រកាសរបស់ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកលោក Patrice Mostsepe ឲ្យដឹងថា ការប្រកួតពានរង្វាន់ Africa Cup of Nations បន្ទាប់នឹងលេងក្នុងប្រទេសកូឌីវ័រដើមឆ្នាំ២០២៤ មិនមែនឆ្នាំ២០២៣ទេ។
តាមគម្រោងព្រឹត្តិការណ៍ខាងលើនឹងរៀបចំនៅខែមិថុនា-កក្កដា ឆ្នាំ២០២៣ ដែលជារដូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសកូឌីវ័រ។ ដូច្នេះហើយទើបមានការប្រកាសពន្យារពេល ជាជាងទទួលយកហានិភ័យ។ មួយវិញទៀតដោយសារតែព្រឹត្តិការណ៍ World Cup ដែលនឹងរៀបចំនៅប្រទេសកាតាក្នុងខែវិច្ឆិកា-ធ្នូឆ្នាំនេះក៏កាន់តែខិតជិតមកដល់ សហព័ន្ធបាល់ទាត់អាហ្វ្រិកសម្រេចរុញការប្រកួតរបស់ខ្លួនទៅឆ្នាំ២០២៤តែម្ដង។
នេះមានន័យថា ពាន Africa Cup of Nations នឹងរៀបចំនៅខែមករានិងកុម្ភៈជាលើកទីពីរជាប់គ្នា បន្ទាប់ពីការប្រកួតនៅឆ្នាំនេះក្នុងប្រទេសកាមេរ៉ូន។ ជាការពិតការប្រកួតនៅដើមឆ្នាំបែបនេះ ប៉ះពាល់ដល់កីឡាករមួយចំនួនដែលប្រកបអាជីពនៅអឺរ៉ុប ប៉ុន្តែលោក Mostsepe បញ្ជាក់ថា នេះគឺជាជម្រើសតែមួយដែលមាន។
ជម្រើសជាតិសេណេហ្គាល់គឺជាម្ចាស់ជើងឯក Africa Cup of Nations ឆ្នាំចាស់ បន្ទាប់ពីពួកគេបានយកឈ្នះអេហ្ស៊ីបដោយបាល់ប៉េណាល់ទី ៤-២ កាលពីខែកុម្ភៈកន្លងទៅ៕
សូមបញ្ចេញមតិនៅទីនេះ