សៅរ៍ , 02 កក្កដា 2022
តារាចម្រៀង អ៊ីវ៉ា ជឿជាក់ខ្លាំងលើស្នេហាខ្លួនហើយត្រៀមនឹងធ្វើជាកូនក្រមុំនៅឆ្នាំ ២០២៣
ភ្នំពេញ ៖ ឆ្នាំ ២០២៣ ខាងមុខ តារាចម្រៀង អ៊ីវ៉ា ចូលវ័យ ៣០ ឆ្នាំហើយ ហើយក៏ជាពេលវេលាល្អសម្រាប់នាង ដើម្បីសាងជីវិតគ្រួសារដែរ ក្រោយពីបានស្រឡាញ់និងមើលចិត្តគ្នាជាមួយបុរសម្នាក់ ។
តារាចម្រៀង អ៊ីវ៉ា បានដៅខ្លួនឯងថា នឹងរៀបការនៅពេលខ្លួនមានវ័យ ៣០ ឆ្នាំ ដូច្នេះសល់តែជាងកន្លះឆ្នាំទៀតនាងចូលវ័យដែលខ្លួនចង់រៀបការហើយ នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាកូនក្រមុំ ។
ទោះបីជាប្រកាសថានឹងចូលរោងការនៅឆ្នាំក្រោយក៏ពិតមែន តែតារាចម្រៀង អ៊ីវ៉ា មិនបានបង្ហាញមុខ ឬរូបថត Pre Wedding ជាមួយគូស្នេហ៍ខ្លួនឱ្យទស្សនិកជនបានស្គាល់នៅឡើយទេ នាងថា ចាំជិតដល់ថ្ងៃទើបបង្ហាញ ដើម្បីឱ្យមានការភ្ញាក់ផ្អើល ។
គួស្នេហ៍របស់ អ៊ីវ៉ា ត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីម្នាក់ដែលមានភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់មួយ អ៊ីវ៉ា មានការជឿជាក់ខ្លាំងលើស្នេហាខ្លួន រហូតហ៊ានបង្ហាញនូវអារម្មណ៍ពិតនិងពេលវេលាដែលចង់រៀបការ ខុសប្លែកបីសិល្បការីនីមួយចំនួន ។ ទស្សនិកជនជាច្រើនកំពុងរងចាំមើលតារាចម្រៀង អ៊ីវ៉ា ស្លៀកឈុតមង្គលការ ។
អ៊ីវ៉ា ជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម សាន់ដេ កន្លងមកនាងមានបទចម្រៀងល្បីៗជាច្រើនបំពេរ អារម្មណ៍ទស្សនិកជន តែចុងក្រោយនេះពុំឃើញបទចម្រៀងណាមួយដែលធ្វើឱ្យនាងលេចធ្លោនោះទេ ផ្ទុយទៅវិញ អ៊ីវ៉ា បែរជាងាកទៅពង្រឹងអាជីវកម្មរកស៊ីលក់សម្លៀកបំពាក់វិញ ។ ទោះជាយ៉ាងនេះក្តី អ៊ីវ៉ា នៅតែបន្តអាជីពចម្រៀង និងចេញសម្តែងតាមបណ្តា ខនសឺត តាមខេត្តក្រុងដូចមុនដដែល ៕
សូមបញ្ចេញមតិនៅទីនេះ