អង្គារ , 14 មិថុនា 2022
វី ឌីណែត ត្រូវប្រើថ្នាំអស់មួយជីវិតដើម្បីទប់ស្កាត់ជំងឺនៅក្នុងខ្លួន !
ភ្នំពេញ ៖ បច្ចុប្បន្នមានសិល្បករសិល្បការីនីជាច្រើនមានបញ្ហាជំងឺក្រពះ និង បំពងក ដោយសារតែពួកគេភ្លេចពីការថែទាំសុខភាព សូម្បីតែតារាចម្រៀង វី ឌីណែត ត្រូវប្រើថ្នាំប្រភេទនេះអស់មួយជីវិតផងដែរ ដើម្បីកុំឱ្យជំងឺខ្លួនរីករាលដាលខ្លាំងតទៅមុខទៀត ។
តាំងពីម្តាយរបស់តារាចម្រៀង វី ឌីណែត ស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ មក បានធ្វើឱ្យនាងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ រហូតមិនចង់ធ្វើអ្វីទាំងអស់ ។ ក្រោយមកទៀតជំងឺពកកដែលធ្លាប់ឈឺកន្លងមក ក៏ចាប់ផ្តើមរើសឡើងវិញ រហូតធ្វើឱ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តនាងយ៉ាងខ្លាំង ធ្វើឱ្យនាងរងសម្ពាធ ដល់ថ្នាក់ចង់បញ្ចប់អាជីពពីសិល្បៈ ។
នៅពេលដែលដឹងថា តារាចម្រៀង វី ឌីណែត ចង់លាឈប់ពីសិល្បៈបានធ្វើឱ្យអ្នកគាំទ្រនាងជាច្រើន ផ្ញើសារលើកទឹកចិត្ត និងសុំឱ្យនាងបន្តការងារនេះដូចដើម ពួកគេនៅតែស្រឡាញ់ និងផ្តល់កម្លាំងចិត្ត គាំទ្រដល់នាងគ្រប់ពេលវេលា ។
ជូបជាមួយ វី ឌីណែត កាលពីពេលថ្មីៗនេះ នាងបានឱ្យដឹងថា ពេលនេះនាងមានអារម្មណ៍ធូស្រាលជាងមុនហើយ ចំណែកជំងឺពកកដែលបានរើឡើងនោះក៏បានធូស្បើយជាងមុនដែរ ប៉ុន្តែគ្រូពេទ្យតម្រូវឱ្យនាងលេបថ្នាំដើម្បីព្យាបាលជំងឺនេះអស់មួយជីវិត ប្រសិនបើចង់រក្សាសម្លេងឱ្យបានល្អដូចដើម ។
សព្វថ្ងៃនេះ វី ឌីណែត ពឹងពាក់លើសម្លេងរបស់ខ្លួន ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ប្រសិនបើសម្លេងនាងមានបញ្ហា នាងនឹងជួបនូវការលំបាកខ្លាំង ដូច្នេះហើយទើប វី ឌីណែត ខំប្រឹងព្យាបាល និង ថែរក្សាសុខភាពខ្លួនឱ្យបានល្អ ទោះជាត្រូវប្រើថ្នាំព្យាបាលអស់មួយជីវិតក៏នាងមិនរាថយដែរ ៕ អត្ថបទ ៖ អាលីហ្សា
សូមបញ្ចេញមតិនៅទីនេះ