អង្គារ , 14 មិថុនា 2022
Arsenal និង AC Milan កំពុងប្រជែងគ្នាតាមទិញ Asensio ពី Real Madrid
ម្ចាស់ជើងឯករបស់ Serie A ក្លឹប AC Milan បានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Marco Asensio ដែលជាគោលដៅរបស់ក្លឹបនៅអង់គ្លេស Arsenal។
កីឡាករវ័យ២៦ឆ្នាំឆាប់ៗនឹងឈានចូលដល់កុងត្រា១២ខែចុងក្រោយនៃកិច្ចសន្យារបស់គេជាមួយ Madrid និងមិនទាន់និយាយរឿងពង្រីកកុងត្រាថ្មីនៅឡើយទេ។ Asensio មានគម្រោងជួបជាមួយប្រធានក្លឹបរបស់ Madrid និងធ្វើការសម្រេចចិត្តអំពីអនាគតរបស់គេជាមួយក្លឹបក្នុងសប្ដាហ៍នេះ។
ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថា បានទាក់ទងជាមួយអ្នកតំណាងរបស់ Asensio ក្នុងការដេញថ្លៃដើម្បីចរចាកិច្ចព្រមព្រៀងមួយ។ ប៉ុន្តែពេលនេះក្លឹប AC Milan បានចូលខ្លួនប្រជែងជាមួយ Arsenal ដើម្បីទិញយកកីឡាករសញ្ជាតិអេស្ប៉ាញ។
អតីតវីរបុរសនិងបច្ចុប្បន្នជានាយកផ្នែកកីឡារបស់ Milan លោក Paolo Maldino បានធ្វើការទាក់ទងរួចរាល់ជាមួយអ្នកចាត់ការ Madrid លោក Carlo Ancelotti ដើម្បីសាកសួរពីស្ថានភាពរបស់ Asensio។ ប្រភពពីសារព័ត៌មានរបស់អ៊ីតាលី Corriere dello Sport ឲ្យដឹងថា Real អាចនឹងពិចារណាប្រសិនបើ Asensio បានតម្លៃខ្លួន៥០លានអឺរ៉ូ។
អំឡុងពេលកំពុងបំពេញភារកិច្ចជាមួយជម្រើសជាតិក្នុងពាន Nations League កីឡាករជំនាញជើងឆ្វេងបាននិយាយថា៖ "ខ្ញុំនៅសល់កុងត្រា១ឆ្នាំទៀត។ ពេលនេះខ្ញុំកំពុងផ្ដោតជាមួយជម្រើសជាតិ។ ពេលដែលកម្មវិធីប្រកួតចប់ ពួកយើងនឹងនិយាយគ្នា។ ពួកយើងនឹងឃើញអ្វីដែលខ្ញុំនឹងធ្វើជាមួយអនាគតរបស់ខ្ញុំ។ ខ្ញុំគិតថាមានលទ្ធភាព។ វាក៏មានជម្រើសក្នុងការបន្តនៅនិងបន្ថែមកុងត្រាថ្មីរបស់ខ្ញុំផងដែរ"៕
សូមបញ្ចេញមតិនៅទីនេះ