អង្គារ , 14 មិថុនា 2022
អូស្ត្រាលីក្លាយជាក្រុមទី៣១បានឡើងទៅលេងនៅ World Cup 2022
ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលីបានក្លាយជាក្រុមទី៣១កក់កៅអីទៅលេងព្រឹត្តិការណ៍ World Cup 2022 បន្ទាប់ពីបានយកឈ្នះប៉េរូដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។
ការប្រកួតជម្រុះអន្តរទ្វីបរវាងក្រុមទាំងពីរដែលរៀបចំនៅកីឡដ្ឋាន Al Rayyan ក្នុងប្រទេសកាតាមិនមានគ្រាប់បាល់ឡើយត្បិតលេងដល់ម៉ោងបន្ថែម១២០នាទី។ ដូច្នេះការប្រកួតត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដីដើម្បីស្វែងរកក្រុមឈ្នះ។
មុនការទាត់ប៉េណាល់ទី អូស្ត្រាលីបានប្ដូរអ្នកចាំទីដោយដាក់កីឡាករ Andrew Redmayne ជំនួស Mat Ryan។ ដូចជាការរំពឹងទុក Andrew បានសង្គ្រោះបាល់ប៉េណាល់ទីចុងក្រោយរបស់ប៉េរូជួយអូស្ត្រាលីឈ្នះ ៥-៤ បានកៅអីទៅលេងនៅ World Cup នៅចុងឆ្នាំនេះ។ នេះគឺជាលើកទី៥ជាប់គ្នាហើយដែលអូស្ត្រាលីបានឡើងទៅលេង World Cup ចាប់តាំងពីឆ្នាំ២០០៦។
អូស្ត្រាលីនឹងស្ថិតក្នុងពូល D ជាមួយក្រុមការពារតំណែងជើងឯកបារាំង ដាណឺម៉ាកនិងទុយណេស៊ី។ សម្រាប់ក្រុមចុងក្រោយអាចបានទៅលេងនៅ World Cup នឹងត្រូវកាត់សេចក្ដីនៅយប់នេះ ពេលដែលកូស្តារីកាប៉ះជាមួយនូវែលហ្សេឡង់៕
សូមបញ្ចេញមតិនៅទីនេះ