ច័ន្ទ , 18 កក្កដា 2022
នាយកប្រតិបត្តិក្លឹប Bayern Munich អះអាងថា Harry Kane គឺជាសុបិននៃអនាគត
(បាល់ទាត់)៖ នាយកប្រតិបត្តិក្លឹប Bayern Munich លោក Oliver Kahn បាននិយាយថា កំពូលតារាឆ្នើមរបស់ Tottenham កីឡាករ Harry Kane គឺជា "ខ្សែប្រយុទ្ធកំពូល" និងជា "សុបិននៃអនាគត" សម្រាប់ក្លឹបយក្ស Bundesliga ។
ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិប៉ូឡូញ Robert Lewandowski បានសម្រេចចូលរួមជាមួយក្រុម Barcelona ជាផ្លូវការណ៍ហើយ។ វាមានន័យថា ជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ដែលក្លិបអាឡឺម៉ង់ កំពុងស្វែងរកលេខម្ចាស់អាវលេខ៩ ថ្មី ដើម្បីបំពេញចន្លោះ ដែលនៅសល់ បន្ទាប់ពីការចាកចេញរបស់ Lewandowski ។
មែនទែនទៅ កុងត្រារបស់ខ្សែប្រយុទ្ធរូបនេះ មានរហូតដល់ឆ្នាំ ២០២៤ ហើយ Spurs ចង់ឲ្យរូបគេកាន់ប៊ិកចុះហត្ថលេខាលើលក្ខខណ្ឌថ្មី។ Kane មិនដែលស្គាល់ជាតិឈ្នះពានរង្វាន់នោះទេ ចាប់តាំងពីប្រកបអាជីពជាមួយក្លិបសព្វថ្ងៃនេះ ដូច្នេះបើសិនជាគេផ្លាស់ទៅកាន់ទឹកដីអាល្លឺម៉ង់ នោះគេ នឹងស្ទើរតែធានាបាននូវពានក្នុងលីគ ព្រោះក្លិបអាល្លឺម៉ង់មួយនេះ ឈ្នះពាន Bundesliga ចំនួន ១០ដង ចុងក្រោយនេះ។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិក្លឹប Bayern Munich លោក Oliver Kahn បាននិយាយថា៖« Kane ស្ថិតនៅក្រោមកិច្ចសន្យានៅ Tottenham។ ប្រាកដណាស់ គេជាខ្សែប្រយុទ្ធកំពូលម្នាក់ ប៉ុន្តែនោះជាសុបិននៃអនាគត។ អ៊ីចឹងចាំមើលថា មានអ្វីកើតឡើង»។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Harry Kane មានឱកាសចូលរួមជាមួយ Manchester City កាលពីរដូវក្តៅមុន ប៉ុន្តែ Spurs បានច្រានចោលការផ្តល់ជូនយ៉ាងហោចណាស់ពីរ សម្រាប់ប្រធានក្រុមអង់គ្លេស ដែលបានស្នាក់នៅដោយស្ទាក់ស្ទើរ៕
សូមបញ្ចេញមតិនៅទីនេះ