ពុធ , 20 កក្កដា 2022
សាយ នឹងត្រឡប់មកវិញក្នុងបេសកម្មចាស់ ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា
លោក អ៊ួន បឋម ហៅ សាយ បានធ្វើឱ្យប្រជាជនមានមោទកភាពចំពោះ លោកយ៉ាងខ្លាំង ព្រោះកន្លងមក លោកបានផ្តួចផ្តើមយុទ្ធការ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា ខណៈសុខភាពរបស់លោក បានប្រសើរឡើងវិញ លោកមានបំណងចង់ចាប់ផ្តើមបេសកម្មចាស់ម្តងទៀត។
តារាចម្រៀង សាយ បានឱ្យដឹងនៅលើបណ្តាញសង្គមថា «រាងកាយខ្ញុំជាមកវិញ ក្នុងកម្រិតដែលអាចជាប្រយោជន៍ដល់សង្គមម្ដងទៀតហើយ ដូច្នេះចង់សួរយោបល់ អ្នករាល់គ្នាដើម្បីធ្វើការសម្រេចចិត្តហើយក៏សង្ឃឹមថានឹងមានការចូលរួមពីអ្នករាល់គ្នា»។ សាយ បន្តទៀតថា «បើពេលស្លាប់ទៅរាងកាយខ្ញុំគង់តែរលាយសាបសូន្យដដែល អ៊ីចឹងខ្ញុំនឹងបើរាងកាយខ្ញុំអោយជាប្រយោជន៍ដល់អ្នកដទៃខ្លះ ជាពិសេសគឺកុមារ»។
គួរបញ្ជាក់ផងដែរថា លោក សាយ បានទទួលថវិកាពីសប្បុរសជនចំនួន ៤៧ ម៉ឺនដុល្លារ កាលឆ្នាំ ២០២០ សម្រាប់យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្រោមយុទ្ធការ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយចំណាយពេលរត់ជុំវិញប្រទេសកម្ពុជាដែលមានចម្ងាយដីសរុបប្រមាណ ២០០០គីឡូម៉ែត្រ ដោយបានឆ្លងកាត់ចំនួន២២ រាជធានីខេត្តក្រុង។ ក្នុងអំឡុងពេលរត់ សាយ ក៏បានជួបប្រទះបញ្ហាសុខភាព រហូតដល់មានរាងកាយស្គមស្គាង ប៉ុន្តែលោកស៊ូមិនថយដើម្បីសម្រេចគោលដៅដែលខ្លួនបានតាំងចិត្តជួយដល់កុមារកម្ពុជា៕
សូមបញ្ចេញមតិនៅទីនេះ