សុក្រ , 22 កក្កដា 2022
អាស៊ីអឺរ៉ុប ជាក្រុមចុងក្រោយគេឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិពានរង្វាន់ Hun Sen Cup 2022
(បាល់ទាត់)៖ ក្រុមបាល់ទាត់ អាស៊ីអឺរ៉ុប គឺជាក្រុមចុងក្រោយគេ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ថ្នាក់ជាតិ ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះ ក្រុមភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផលទាំងពីរជើង ៤ទល់២ ។
ការប្រកួតជើងទី២ របស់ក្រុមទាំងពីរ ទើបតែប្រកួតចប់កាលពីម្សិលមិញ ដោយមូលហេតុពន្យារពេល ពីព្រោះក្លិបអាស៊ីអឺរ៉ុប មានកីឡាករជាប់ជម្រើសជាតិ U-19 ក្នុងពានរង្វាន់ AFF U-19 Championship 2022 ។
បន្ទាប់ពីការឈ្នះម្សិលមិញនេះ មានន័យថា អាស៊ីអឺរ៉ុប ជាក្រុមចុងក្រោយគេឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយត្រូវទៅជួបក្រុមខ្លាំងក្នុង Cambodian Premier League 2022 ណាហ្គាវើលដ៍។
និយាយដល់គ្រាប់បាល់ ៣គ្រាប់របស់អាស៊ីអឺរ៉ុបម្សិលមិញ រកបានដោយកីឡាករ ម៉ន កក្កដា ២គ្រាប់ នៅនាទីទី៣ និងនាទី៧៤ ខណៈ ប៉ុក រ៉ូហ្សា រកបានមួយគ្រាប់នៅនាទី ៤២ ក្នុងវគ្គទីមួយ។
កៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) មានដូចខាងក្រោម៖
– សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
– សៀមរាបអែហ្វស៊ី Vs វិសាខា
– អាស៊ីអឺរ៉ុប Vs ណាហ្គាវើលដ៍
– អាយ អេស អាយ ដង្កោសែនជ័យ Vs បឹងកេត
– កោះកុងអែហ្វស៊ី Vs អង្គរថាយហ្គឺរ
– ព្រែវែងអែហ្វស៊ី Vs ភ្នំពេញក្រោន
– នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
– អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតថ្នាក់ជាតិ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ។ ពានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៦ ឆ្នាំ ២០២២ មានការប្រកួតរហូតដល់ ៣ដំណាក់កាល និងបទបញ្ជាខុសពីឆ្នាំមុនខ្លះៗមួយចំនួន៕
សូមបញ្ចេញមតិនៅទីនេះ