ច័ន្ទ , 25 កក្កដា 2022
ពេជ្រ ចរណៃ ឆ្លើយតបយ៉ាងត្រជាក់រឿង «ចាក់យ័ន្តខ្មែរចម្លងពីថៃ»
តារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនបុរាណខ្មែរល្បុក្កតោ ពេជ្រ ចរណៃ បានឆ្លើយតបយ៉ាងចិត្តត្រជាក់ដោយសារតែមិនចង់បង្កជម្លោះវែងឆ្ងាយលើបណ្តាញសង្គម ក្រោយពីមានគណនីថៃមួយចំនួនបានចូលទៅខំមិនថា នាងចាក់យ័ន្តដែលជាវប្បធម៌របស់ថៃ ខ្មែរចម្លងមក។
ពេជ្រ ចរណៃ បានឆ្លើយតបថា «ខ្ញុំបង្ហាញអាវតេជៈ (អាវយ័ន្ត ) ថៃគេថាវប្បធម៌គេ ខ្ញុំបង្ហាញពី មង្គល (អំបោះឆៅដែលកីឡាករពាក់លើក្បាលមុនចូលប្រកួត) ថៃថាវប្បធម៌គេ ឥឡូវចូលមកថា វប្បធម៌ចាក់យ័ន្ត ខ្មែរចម្លងពីថៃទៀត...ខ្ញុំជឿជាក់ថាប្រជាជនថៃមិនអាក្រក់ទាំងអស់ទេ ជាពិសេសអ្នកដែលបានដឹង បានអានពីប្រវិត្តសាស្រ្ត ហើយក៏ទទួលស្គាល់ការពិតថា ប្រទេសថៃ បានទទួលវប្បធម៌ពីប្រទេកម្ពុជាទាំងអស់..!»។
តារាសម្តែង និងជាគ្រូបង្វឹករូបនេះ បន្តទៀតថា «ខ្ញុំមិនចេះឈ្លោះទេ ខ្ញុំគ្រាន់តែមកបង្ហាញក្នុងនាមជាម្ចាស់វប្បធម៌ ! ខ្មែរយើងមានសាសនាដើម ដែលប្រជាជនខ្មែរពីបុរាណលោកគោរពដួងព្រលឹង មានជំនឿទៅលើ មន្តអាគម សូតផ្លុំ បញ្ចុះ ចារ នៅលើ កថា ក្រណាត់ ឬ ស្បែកជាដើម..ល..។ ដែលនៅសម័យបុរាណដូនតាខ្មែរ ពេញនិយមណាស់ ចំពោះការចាក់យ័ន្តបញ្ចុះមន្តអាគម លើកស្បែក ជាពិសេសអ្នកដែលមានតួនាទី ជាអ្នកប្រយុទ្ធ ច្បាំង កងទ័ព មេទ័ព ព្រោះលោកជឿជាក់ថា អាចជួយការពារ ព្រាយបិសាច សត្រូវ ដែលមកយារយី និង ជួយផ្ដល់កំលាំង ថាមពល ពេលកំពុងច្បាំង ធ្វើសង្រ្គាម ជួយការពារ កាប់មិនមុត ដុតមិនឆេះ..ល.. »។
ក្នុងនោះ កញ្ញា ពេជ្រ ចរណៃ ក៏បានលើកឡើងពី ការចាក់យ័ន្ត ឬ ចារយ័ន្ត គឺមានច្រើនប្រភេទ និងមានខ្លឹមសារខុសៗគ្នា។ បន្ថែមពីនេះ កញ្ញាក៏បានបញ្ជាក់ដែរថា ដែលនាងចារយ័ន្តបុរាណខ្មែរនៅលើខ្លួននេះ ក៏ព្រោះតែចិត្តចង់ថែរក្សា លើកស្ទួយ ផ្សព្វផ្សាយ ស្នាដៃ ដូនតាខ្មែរ ឱ្យតែជា វប្បធម៌ខ្មែរ កេរមរតខ្មែរ ស្នាដៃដូនតាខ្មែរ នាងនិងថែរក្សា លើកស្ទួយ ផ្សព្វផ្សាយ ទាំងអស់៕
សូមបញ្ចេញមតិនៅទីនេះ