ច័ន្ទ , 25 កក្កដា 2022
ផ្អើលអស់ពិភពកីឡា! ប្រធានក្លឹប Barcelona ចង់នាំ Lionel Messi ត្រលប់មកកាន់ Camp Nou វិញ
(បាល់ទាត់)៖ ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហើបថា ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅតែអាចត្រលប់ទៅ Camp Nou វិញ ដោយអះអាងថា រឿងរាវ Messi នៅ Barcelona មិនទាន់ចប់នោះទេ។
តារាបាល់ទាត់អាហ្សង់ទីន បានចាកចេញពីក្លឹបយក្សកាតាឡាន កាលពីពីរដូវក្តៅមុន បន្ទាប់ពីក្លិបអ្នកមានបុណ្យ FC Barcelona មិនអាចបន្តកុងត្រាថ្មីបាន ដោយសារបញ្ហាហិរញ្ញវត្ថុ។ គ្រានោះ Messi បានចាកចេញពី Barcelona ដោយទឹកភ្នែក ប៉ុន្តែបានបញ្ជាក់ម្តងហើយម្តងទៀតថា គាត់អាចត្រឡប់ទៅក្លឹបវិញ មុនពេលបញ្ចប់អាជីពរបស់គាត់។
កីឡាករវ័យ 34 ឆ្នាំរូបនេះ បានចុះហត្ថលេខាជាមួយក្លិបយក្សបារាំង Parsi Saint-Germain ជាកន្លែងដែលគាត់នៅសល់មួយឆ្នាំទៀត លើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។
នៅក្នុងបទសម្ភាសន៍ជាមួយ ESPN ប្រធានក្លឹប Barcelona លោក Laporta បាននិយាយថា៖«ខ្ញុំមិនជឿថា រឿងរបស់ Messi នៅ Barcelona បានបញ្ចប់នោះទេ វានៅតែបើកចំហ វាជាទំនួលខុសត្រូវរបស់យើងក្នុងការធ្វើឱ្យប្រាកដថា វាមានការបញ្ចប់ដ៏ស្រស់ស្អាតជាងនេះ»។
លោកបន្តថា « ក្នុងនាមជាប្រធានក្លឹប Barcelona ខ្ញុំគិតថា ខ្ញុំបានធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ ប៉ុន្តែក្នុងនាមជាប្រធានក្លឹប Barcelona ខ្ញុំជឿថា ខ្ញុំជំពាក់គាត់មួយ»។
គួរបញ្ជាក់ថា កីឡាករ Lionel Messi បានបង្ហាញខ្លួនឲ្យ Barcelona សរុបចំនួន ៧៧៨ប្រកួត ដោយស៊ុតបញ្ជូលទីបានចំនួន ៦៧២គ្រាប់ បញ្ជូលបាល់ឲ្យមិត្តរួមក្រុមចំនួន ២៦៥គ្រាប់ នឹងជួយឲ្យក្លិបយក្សអេស្ប៉ាញឈ្នះពានរង្វាន់ជាច្រើន៕
សូមបញ្ចេញមតិនៅទីនេះ