ច័ន្ទ , 25 កក្កដា 2022
លោក ខេម មិនមានដំណឹងរៀបការ តែបែរជាធ្លាយដំណឹងជិតឡើងឧកញ៉ា
ភ្នំពេញ ៖ ទោះបីមិនទាន់មានដំណឹងរៀបការ ប៉ុន្តែនាយ ខេម ហាក់ដូចជាមានយឺអ៊ុនខ្ពស់ ព្រោះថ្មីៗនេះមានលេចលឺព័ត៌មានថា លោក ខេម អាចនឹងឡើងជាឧកញ៉ាក្នុងពេលឆាប់ៗខាងមុខនេះ ។
តារាចម្រៀងលោក ខេម បានភ្ជាប់ពាក្យជាមួយកូន ខ្មែរ រស់នៅប្រទេស បារាំង ជាង ៦ ឆ្នាំហើយតែនៅមិនទាន់ដឹកដៃគ្នាចូលរោងការទៀត។ ជួបជាមួយលោក ខេម នាពេលកន្លងមកលោក តែងតែនិយាយពាក្យដដែលថា នៅរងចាំមើលពេលវេលាល្អសិន យ៉ាងយូរ ២ ឬ ៣ ឆ្នាំទៀត។ សម្រាប់ទស្សនិកជនស្នេហាវិស័យសិល្បៈទន្ទឹងរងចាំមើលតើពេលណាតារាចម្រៀងរូបនេះដឹកដៃគូស្នេហ៍ខ្លួនចូលរោងការ ។
ថ្វីដ្បិតតែគ្មានដំណឹងរៀបការ ប៉ុន្តែលោក ខេម និងគូដណ្តឹងនៅតែបណ្តើរគ្នាយ៉ាងផ្អែមល្ហែមទៅចូលរួមកម្មវិធីផ្សេងៗ ហើយចុងក្រោយនេះស្រាប់តែលេចធ្លាយដំណឹងថាលោក ខេម ត្រៀមនឹងឡើងជាឧកញ៉ាក្នុងពេលឆាប់ៗខាងមុខ ក្រោយពីលោកបានលេចមុខក្នុងពិធីជួបជុំអ្នកមានមុខមាត់ជាបន្តបន្ទាប់មក រហូតមានមិត្តភក្តិខ្លះបានហៅលោកថា លោកឧកញ៉ាផងដែរ ។ ចំពោះលោក ខេម វិញ នៅពុំទាន់ឆ្លើយតបចំពោះរឿងនេះនៅឡើយទេ ។ ដោយឡែកសម្រាប់អ្នកសិល្បៈក្រោយលឺព័ត៌មានបែបនេះ ម្នាក់ៗបានជូនពរលោកគ្រប់ៗគ្នា ។
បច្ចុប្បន្នលោក ខេម ជាតារាចម្រៀងល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ចុងក្រោយនេះលោកបានលេចមុខក្នុងបទចម្រៀងល្បីៗជាច្រើន ហើយសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងឈាន ចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ លោកត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនដើម្បីបំពេអារម្មណ៍ទស្សនិកជន ៕
សូមបញ្ចេញមតិនៅទីនេះ