អង្គារ , 26 កក្កដា 2022
អ្នកនិពន្ធ យឹម តាស្រង់ បង្ហាញអារម្មណ៍លើកដំបូងក្រោយទទួលបានងារជា «ឧកញ៉ា»
កាលពីពេលថ្មីៗនេះ ដូចមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុក ជ្រាបមកហើយថា អ្នកនិពន្ធល្បីឈ្មោះ យឹម តាស្រង់ បានទទួលគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ ផ្អើលអស់មហាជន រួមទាំងអ្នករួមអាជីពសិល្បៈបានចូលរួមសម្តែងអារម្មណ៍រំភើបចំពោះរូបលោកយ៉ាងច្រើន។
យ៉ាងណាមិញ ឧកញ៉ា យឹម តាស្រង់ បានបង្ហើបអារម្មណ៍លើកដំបូងលើទំព័រផេកក្រោយពីមានងារជា «ឧកញ៉ា» ថា «ទូលព្រះបង្គំជាខ្ញុំ យឹម តាស្រង់ សូមក្រាបបង្គំសម្តែងនូវសេចក្តីអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ទូលព្រះបង្គំខ្ញុំបាទ ជា «ឧកញ៉ា» ។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាសដល់រូបខ្ញុំបាទបានចូលរួមកិច្ចការមនុស្សធម៌និងបរិច្ចាគថវិកាជួយដល់សង្គមជាតិក្រោមដំបូល «សន្តិភាព» ក្នុងអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី»។
ឧកញ៉ា យឹម តាស្រង់ បន្តទៀតថា «ខ្ញុំបាទសូមគោរពអរគុណ និងអរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសាច់ញាតិបងប្អូន មិត្តភក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរខ្ញុំបាទ ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់ គោរមងារដល់រូបខ្ញុំបាទជា «ឧកញ៉ា»។
គួរបញ្ជាក់ផងដែរថា ឧកញ៉ា យឹម តាស្រង់ បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈមុនទទួលគោរងារនេះ ដោយផ្តោតទៅលើ ជំនួញផ្ទាល់ខ្លួនវិញ ខណៈមិត្តជិតស្និទ្ធដទៃទៀតសុទ្ធតែមានងារជា «ឧកញ៉ា» មានដូចជា ឧកញ៉ា ហេង ឡុង , ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត រួមទាំង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕
សូមបញ្ចេញមតិនៅទីនេះ