ពុធ , 27 កក្កដា 2022
លទ្ធផលនៃការចរចាររវាង Ronaldo និង Manchester United ដំណាក់កាលដំបូង បានផ្លែផ្កាអ្វីខ្លះ?
(បាល់ទាត់)៖ កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅតែតាំងចិត្តចាកចេញពី Manchester United នៅរដូវក្តៅនេះ បើទោះជាមានវត្តមានរបស់លោក Sir Alex Ferguson ក្នុងអំឡុងពេលពិភាក្សាកាលពីថ្ងៃអង្គារ អំពីអនាគតរបស់គាត់ក៏ដោយ។
កាលពីថ្ងៃអង្គារ Ronaldo និងអ្នកតំណាងរបស់គាត់ បានមកដល់មូលដ្ឋានហ្វឹកហ្វឺន Carrington របស់ United សម្រាប់ការចរចាមួយថ្ងៃ ដោយមាននាយកប្រតិបត្តិរបស់ United លោក Richard Arnold ក៏ចូលរួមជាមួយលោក Ferguson ផងដែរ។
វាគឺជាលោក Ferguson ដែលបាននាំយក Ronaldo ដែលមានអាយុ ១៧ឆ្នាំ ទៅកាន់ Manchester ក្នុងឆ្នាំ ២០០៣ ដោយបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ខ្លួនទៅជាតារាបាល់ទាត់ពិភពលោក ហើយអ្នកទាំងពីរ រក្សាទំនាក់ទំនងជិតស្និទ្ធក្នុងរយៈពេលជាច្រើនឆ្នាំ។
ប៉ុន្តែបន្ទាប់ពីការចរចារបើកឆាក Ronaldo នៅតែតាំងចិត្តចាកចេញពី Old Trafford ហើយទៅចូលរួមជាមួយក្រុមមួយផ្សេងទៀត នេះបើយោងតាមសារព័ត៌មាន Daily Telegraph ។
ចំណែក United បានប្តេជ្ញាចិត្តថា អតីតតារាឆ្នើមរបស់ Real Madrid នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញនោះទេ ហើយនឹងដើរតួយ៉ាងសំខាន់ក្រោមការដឹកនាំរបស់ Erik ten Hag នៅរដូវកាលនេះ។
គួរបញ្ជាក់ថា Ronaldo នៅសល់រយៈពេលមួយឆ្នាំទៀត លើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ជាមួយនឹងជម្រើសក្នុងការបន្តវាដល់ទៅ 12 ខែទៀតនៅ United៕
សូមបញ្ចេញមតិនៅទីនេះ