សុក្រ , 29 កក្កដា 2022
តារាសម្តែង ម៉ានីកា និងលោក ចន វ័យកាន់តែច្រើនកាន់តែបារម្ភក្នុងការយកកូន !
ភ្នំពេញ ៖ តារាសម្តែង ម៉ានីកា និង លោក ចន បានភ្ជាប់ពាក្យនិងរួមរស់ជាមួយគ្នាជាប្តីប្រពន្ធស្របច្បាប់ហើយ ហើយអ្នកទាំងពីរថែមទាំងបានខំប្រឹងរកប្រាក់ជាមួយគ្នាទាំងថតភាពយន្ត និងបើកហាងកាហ្វេ រហូតធ្វើឱ្យជីវភាពអ្នកទាំងពីរក៏ធូរធារជាងមុនដែរ ។ តែអ្វីដែលធ្វើឱ្យអ្នកទាំងពីរកង្វល់ចិត្តនោះ គឺល្មមដល់ពេលដែលត្រូវយកកូនចៅបង្កើនសមាជិក ។
តារាសម្តែង ម៉ានីកា បានបាត់មុខពីការសម្តែងយូរឆ្នាំមកហើយក្រោយផ្ទុះជំងឺកូវីដ ១៩ ហើយនាងបានផ្តាច់ខ្លួនទៅពង្រឹងមុខរបរកស៊ីហាងកាហ្វេជំនួសវិញ។ ចំណែកលោក ចន ដែលជាស្វាមីនាងក៏បានលេចមុខនៅក្នុងភាពយន្តជាច្រើន ជាក់ស្តែងថ្មីៗនេះអ្នកទាំងពីរបានលេចមុខក្នុងរឿងភាគរបស់ទូរទស្សន៍នានាជាបន្តបន្ទាប់ រហូតធ្វើឱ្យអ្នកដឹកនាំរឿងហៅអ្នកទាំងពីរថតរឿងថ្មីៗជាហូរហែ។
សម្រាប់លោក ចន នៅតែទទួលថតរឿងច្រើនដូចមុន ចំណែក ម៉ានីកា វិញមិនទទួលថតរឿងច្រើននោះទេ ដោយនាងបានប្រាប់ថា ក្នុងមួយឆ្នាំនាងទទួលថតត្រឹមតែ ២ រឿងប៉ុណ្ណោះ ដើម្បីមានពេលវេលាមើលការរកស៊ី ។
មកទល់ពេលនេះ ម៉ានីកា និងលោក ចន បានរួមរស់ជាប្តីប្រពន្ធនិងគ្នាជាច្រើនឆ្នាំហើយដែរ តែអ្នកទាំងពីរនៅពុំទាន់មានកូននិងគេទៀត ពេលទៅណាមកណាមិត្តភក្តិតែងតែសួរនាំជានិច្ច ។ ចំពោះរឿងនេះ ម៉ានីកា បានប្រាប់ថា យ៉ាងយូរមួយឆ្នាំទៀត នាងយកកូនហើយ ពីព្រោះពេលនេះនាងរវល់ក្នុងការរកលុយ នាងចង់មានលុយច្រើនសិន មុននឹងយកកូន ដើម្បីកុំឱ្យជីវិតលំបាក ។ ចំណែកលោក ចន វិញ ក៏មានបំណងចង់បានកូនក្នុងពេលឆាប់ៗខាងមុខផងដែរ គ្រាន់តែពេលនេះមិនទាន់មាន ។
បើតាមគម្រោងលោក ចន និង ម៉ានីកា មានគម្រោងយកកូន ២ នាក់ លោក ចន ថា ពេលនេះយើងទាំងពីរក៏មានអាយុច្រើនហើយ ល្មមដល់ពេលដែលត្រូវមានកូនចៅដែរ តែដោយសារកន្លងមកយើងរវល់រកស៊ីពេក ទើបមិនទាន់យក ណាមួយយើងគិតថា បើមានកូនក្នុងពេលនេះជីវិតយើងនិងលំបាក ព្រោះយើងមិនទាន់មានអ្វីដែលរឹងមាំ បើមានកូនខ្លាចជីវិតជួបនូវការលំបាក ។ តែទោះជាយ៉ាងណាអ្នកទាំងពីរសង្ឃឹមថា នឹងមានកូនក្នុងពេលឆាប់ៗខាងមុខ ៕
សូមបញ្ចេញមតិនៅទីនេះ