អង្គារ , 16 សីហា 2022
សុខ សោម៉ាវត្តី ចេញមុខបញ្ជាក់រឿងគេថា នាងជួបស្នេហ៍ទី០៣បុរសអ្នកជំនួញ
ថ្មីៗនេះធ្លាយចេញព័ត៌មានថា តារាសម្តែង និងជាពិធីការិនីល្បីឈ្មោះ សុខ សោម៉ាវត្តី បានជួបស្នេហ៍ទី០៣ ជាបុរសវ័យក្មេងអ្នកជំនួញម្នាក់ ប៉ុន្តែព័ត៌មាននេះត្រូវបាន សុខ សោម៉ាវត្តី បានចេញមុខមកជាន់ពន្លិចតាមរយៈ Lee News ថា បុរសដែលនាងបណ្តើរ និងញ៉ាំអីជាមួយគ្នានោះ មិនមែនជាសង្សារទេ គឺជាមិត្តភក្តិរបស់នាងរស់នៅខេត្ត សៀមរាបតែប៉ុណ្ណោះ។
ខ្សែជីវិតតារាសម្តែង និងពិធីការិនី សុខ សោម៉ាវត្តី ត្រូវមហាជនតាមដានខ្លាំង ព្រោះថ្មីៗនេះ ខណៈដែលមានព័ត៌មានចេញផ្សាយថា តារារូបនេះបានជួបស្នេហ៍ទី០៣ ជាមួយបុរសវ័យក្មេងរាងខ្ពស់សង្ហា និងជាអ្នកជំនួញមានទ្រព្យផងនោះ ធ្វើឱ្យទស្សនិកជនជារាប់ម៉ឺននាក់ចូលទស្សនា និងរាប់ពាន់នាក់បានបញ្ចេញយោបល់នៅលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញរឿងរ៉ាវខាងលើ។
ទើបតែពេលនេះ សុខ សោម៉ាវត្តី បានផ្តល់បទសម្ភាសដោយផ្ទាល់ជាមួយអ្នកយកព័ត៌មាន Lee News នៅក្នុងស្ថានីយ៍ទូរទស្សន៍ បាន័យ ស្ទឹងមានជ័យដោយ សុខ សោម៉ាវត្តី បានប្រាប់ថា ចំពោះព័ត៌មានដែលបងៗអ្នកសារព័ត៌មាន ក៏ដូចជាទស្សនិកជនយល់ថា បុរសម្នាក់ដែលនាងបានបង្ហាញសម្មកភាពជាមួយគ្នានៅសៀមរាប ដែលធ្វើឱ្យមតិជាច្រើនគិតថា គាត់ជាគូរស្នេហ៍ថ្មីរបស់នាងនោះ គឺមិនមែនជាការពិតទេ ព្រោះគាត់ជាមិត្តភក្តិរបស់នាងដែលបានរាប់អានគ្នាច្រើនឆ្នាំមកហើយ ហើយគាត់ក៏ជាម្ចាស់ហាងកែសម្ផស្សមួយកន្លែងនៅក្នុងខេត្តសៀមរាប ផងដែរ។
តារាស្រីមុខមានមន្តស្នេហ៍បន្តថា សម្រាប់រឿងស្នេហានាងសុំមិនទាន់គិតទេ នៅពេលនេះ ព្រោះនាងត្រូវយកពេលធ្វើការងារ ឱ្យបានល្អប្រសើរសិន ព្រោះក្រោយពីបញ្ហាកូវីតបានស្បើយ ការងារសិល្បៈក៏ចាប់ផ្តើមហូរមករកនាងច្រើន ។ ម្យ៉ាងទៀតនាងចង់ឈប់គិតរឿងស្នេហាមួយរយៈធំសិន គឺត្រូវងាកមកផ្តល់ការស្រឡាញ់ទៅកូនស្រីឱ្យបានច្រើន ព្រោះពេលនេះកូនស្រីរបស់នាងក៏កាន់តែធំ ត្រូវឱ្យនាងយកពេលបង្ហាញក្តីយកឡាញ់ និងយកចិត្តទុកដាក់ចំពោះគាត់ឱ្យបានច្រើន។
ស្តាប់ សុខ សោម៉ាវត្តី និយាយរឿងស្នេហា ហាក់បានបញ្ជាក់ច្បាស់ថា នាងបានបិទទ្វាបេះដូងបាត់ទៅហើយ បន្ទាប់ពីបានបរាជ័យស្នេហាពីលើករួចមក ប៉ុន្តែពេលយើងសួរថា សោម៉ាវត្តី ហាក់មានការរាងចាលនឹងរឿងស្នេហា ឬយ៉ាងណា ទើបហាក់មិនចង់នឹកនារឿងស្នេហាថ្មី សំណួរចាក់ដោតនេះត្រូវបានតារាស្រីរូបស្រស់បន្តថា ចំពោះបញ្ហានឹងមិនមែនមានន័យថា នាងឈប់ទទួលយកគូជីវិតនោះទេ គឺគ្រាន់តែចង់ទុកបេះដូងឱ្យទំនេរមួយរយៈធំ ហើយបើពេលវេលាទៅមុខនាងបានជួបបុរសល្អ ដែលគិតថា អាចចាប់ដៃគ្នាជាគូជីវិត នាងក៏អាចទទួលយកដែរ តែពេលនេះសុំនៅម្នាក់ឯងសិន៕
សូមបញ្ចេញមតិនៅទីនេះ