ពុធ , 17 សីហា 2022
Oscar បរាជ័យផ្ទេរទៅកាន់ក្លិបក្នុងប្រទេសកំណើត ដោយសារហេតុផងនេះ
(បាល់ទាត់)៖ អតីតតារាឆ្នើមរបស់ Chelsea កីឡាករ Oscar បានបរាជ័យក្នុងការផ្លាស់ប្តូរទៅក្លិបប្រេស៊ីល Flamengo បន្ទាប់ពីមានការរារាំងពីក្លិប Shanghai Port FC របស់ចិន។
ជាការពិត Oscar គឺជាតារាឆ្នើមមួយរូបក្នុងចំណោមតារាជាច្រើន ដែលបានផ្លាស់ទៅប្រទេសចិន ដើម្បីកើបលុយដ៏ច្រើនសន្ធឹកសន្ធាប់ ហើយរូបគេទទួលបានប្រាក់ឈ្នួលជាង 100 លានផោន។ ថ្មីៗនេះ Oscar បានគិតថា ការរកប្រាក់របស់គាត់បានបញ្ចប់ហើយនៅប្រទេសចិន ហើយមានក្តីសុបិនផ្លាស់ទៅលេងឲ្យក្លិប Flamengo ក្នុងប្រទេសប្រេស៊ីល ដែលជាប្រទេសកំណើតរបស់ខ្លួន។
កាលពីពេលថ្មីៗនេះ Oscar បានត្រលប់ទៅកាន់ប្រទេសកំណើត សម្រាប់ "ហេតុផលផ្ទាល់ខ្លួន"។ ប៉ុន្តែ Oscar បែរជាយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Flamengo។ ទោះបីជា Oscar ត្រូវបានគេមើលឃើញថា បានពាក់ឈុត Flamengo ក៏ដោយ ក៏ Shanghai Port FC បានរារាំងការផ្លាស់ប្តូររបស់គាត់ ខណៈដែលពួកគេមិនបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ហើយបដិសេធមិនចុះហត្ថលេខាលើឯកសារចាំបាច់ផ្សេងៗ។
ជុំវិញបញ្ហានេះ Oscar បានបង្ហោះសារថា “ខ្ញុំសូមអរគុណអ្នករាល់គ្នា ចំពោះក្តីស្រលាញ់ និងសារដែលបានទទួលក្នុងខែមុន ជាពិសេសពីអ្នកគាំទ្រ Flamengo ទាំងអស់។ ខ្ញុំសូមកោតសរសើរ ចំពោះការចាប់អារម្មណ៍របស់ Flamengo និងអ្នកគាំទ្រ ប៉ុន្តែវាមិនអាចធ្វើដូច្នេះបានទេ នៅពេលនេះ។ ខ្ញុំសូមជូនពរឱ្យក្លឹបជួបតែសំណាងល្អ និងមិត្តភ័ក្តិទាំងអស់ ដែលខ្ញុំមាននៅទីនោះ សម្រាប់រដូវកាលដែលនៅសល់។ សូមអរគុណអ្នកទាំងអស់គ្នា!”។
គួរំឡឹកថា Oscar មានអាយុត្រឹមតែ 30 ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានរិះគន់យ៉ាងខ្លាំង ចំពោះការបោះបង់បាល់ទាត់អឺរ៉ុបនៅវ័យក្មេងបែបនេះ ដើម្បីទៅកើបលុយក្នុងប្រទេសចិន។
ប៉ុន្តែ Oscar បានឆ្លើយតបដោយបើកចំហ និងស្មោះត្រង់ចំពោះការរិះគន់នេះ ដោយនិយាយថា៖ «កីឡាករបាល់ទាត់គ្រប់រូប ឬគ្រប់គ្នាដែលធ្វើការចង់រកប្រាក់ជួយគ្រួសាររបស់ពួកគេ។ ខ្ញុំមកពីសង្គមក្នុងប្រទេសប្រេស៊ីល ក្រីក្រខ្លាំងណាស់ យើងមិនមានអ្វីទាំងអស់ នេះជាផ្លែផ្កានៃការងាររបស់ខ្ញុំ»។
លោកបន្តថា «កីឡាករបរទេសទាំងអស់ ដែលមកទីនេះគឺពិតជាមានកម្រិតខ្ពស់ណាស់។ ប្រទេសចិន មានអំណាចហិរញ្ញវត្ថុមិនគួរឱ្យជឿ ហើយពេលខ្លះធ្វើឱ្យមានការផ្តល់ជូន ដែលអ្នក មិនអាចបដិសេធបាន»៕
សូមបញ្ចេញមតិនៅទីនេះ