ច័ន្ទ , 22 សីហា 2022
Lewandowski រកបានគ្រាប់ដំបូងឲ្យ Barca ចំថ្ងៃកំណើតរបស់ខ្លួន
(បាល់ទាត់)៖ខ្សែប្រយុទ្ធ Robert Lewandowski ធ្វើបានគ្រាប់បាល់ផ្លូវការដំបូងឲ្យ Barcelona ចំថ្ងៃកំណើតឈានចូលវ័យ៣៤ឆ្នាំជួយក្រុមយកឈ្នះ Real Sociedad ៤-១ កាលពីយប់មិញ។
កីឡាករសញ្ជាតិប៉ូឡូញរកបានគ្រាប់នាំមុខឲ្យ Barca បន្ទាប់ពីការប្រកួតចាប់ផ្ដើមបានតែ៤៧វិនាទីប៉ុណ្ណោះ ដោយមានការបញ្ជូនពីមិត្តរួមក្រុម Alejandro Balde។ នៅ៥នាទីបន្ទាប់ Sociedad អាចរកគ្រាប់តាមស្មើវិញ ធ្វើបានដោយកីឡាករ Alexander Isak។
ក្រោយសម្រាកឈានចូលវគ្គទីពីរ Barca បានសម្រុករកបាន៣គ្រាប់ផ្ទួនៗទម្លុះសំណាញ់ទីដោយខ្សែប្រយុទ្ធ Ousmane Dembele, Lewandowski (គ្រាប់ទីពីរក្នុងការប្រកួតនេះ) និង Ansu Fati។ នេះជាជ័យជម្នះដំបូងសម្រាប់ក្រុមលោក Xavi ក្នុងលីគរដូវកាល២០២២-២៣ បន្ទាប់ពីការប្រកួតទីមួយរបស់ខ្លួនស្មើគ្នា ០-០ ជាមួយ Rayo Vallecano។
នៅពាក់កណ្ដាលសប្ដាហ៍នេះ Barcelona មានការប្រកួតមិត្តភាពធំមួយជាមួយ Manchester City ដែលនឹងរៀបចំក្នុងកីឡដ្ឋាន Camp Nou៕
សូមបញ្ចេញមតិនៅទីនេះ