ពុធ , 24 សីហា 2022
ចូលរួមរំលែកទុក្ខផង! អតីតតារាភាពយន្តលោក រិទ្ធ សារី បានទទួលមរ.ណភាព ហើយ!
មហាជនពិតជាស្លុតចិត្ត នឹងអាណិតអាសូរ ជាខ្លាំងទៅដល់អតីតតារាភាពយន្តលោក រិទ្ធ សារី ក្រោយពីធ្លាក់ខ្លួនឈឺមានជំងឺប្រចាំកាយ រស់នៅមានជីវភាពខ្វះខាត ពេលនេះលោកបានទទួលមរណភាពហើយក្នុងជន្មាយុ៨១ឆ្នាំ។ នេះបើតាមការជូនដំណឹងពីលោក ស៊ុក សុភា តួឯកក្នុងរឿងទុំទាវ បានបញ្ជាក់នៅលើទំព័រហ្វេកប៊ុកផ្ទាល់ខ្លួននៅយប់ទី២៤ ខែសីហា ឆ្នាំ២០២២ នេះ។
តាមការរៀបរាប់របស់លោក ស៊ុក សុភា បានឱ្យដឹងថា «តារាភាពយន្ដជើងចាស់ ដ៏ល្បីនៃព្រះរាជាណាចក្រកម្ពុជា គឺលោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុ80ជាងឆ្នាំ ហើយលោកពុកកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបង ហើយនៅពេលនេះពេទ្យអស់លទ្ធភាពក្នុងការព្យាបាលជំងឺ លោកពុកហើយ ហើយកូនចៅបានសុំយកមកសម្រាកនៅផ្ទះវិញ តែនៅពេលនេះ ម៉ោងនេះលោកពុកបានលារហូតRIP
ជួយShareផងបងប្អូន អាណិតលោកពុកខ្លាំងណាស់ ពុកអើយពុក»។
សូមរម្លឹកថា លោក រិទ្ធ សារី មានជំងឺជាប់សរសៃចង្កេះ និងជាប់សរសៃពោះរហូតបណ្តាលឱ្យមានអការៈហើមពោះធ្ងន់ធ្ងរ ត្បៀតសរសៃខួរក្បាល និងរលាកក្រពះ។ ដោយការខ្វះខាតគ្មានប្រាក់ព្យាបាលជំងឺ លោក រិទ្ធ សារី ក៏បានប្រកាសសុំជំនួយពីសប្បុរជននានា ព្រមទាំងថ្នាក់ដឹកនាំ។ យ៉ាងណា ជំនួយការផ្ទាល់សម្តេចតេជោ ក៏បាននាំថវិកាជូនលោក រិទ្ធ សារី ចំនួន១ម៉ឺនដុល្លារ នៅក្នុងខែឧសភា។ ប៉ុន្តែគួរឱ្យសោកស្តាយ កន្លងមកប៉ុន្មានខែក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន លោក រិទ្ធ សារី បានលាចាកលោកហើយ។
គួរបញ្ជាក់ផងដែរថា លោក រិទ្ធ សារី បានប្រឡូកក្នុងអាជីពសិល្បៈតាំងពីឆ្នាំ១៩៨០ នឹងបានឈានជើងចេញពីវិស័យនេះក្នុងឆ្នាំ២០០២ ក្នុងអាយុ៦១ឆ្នាំ ក្រោយពីវិស័យភាពយន្តជួបវិបត្តិ ដោយទៅរស់នៅខេត្តបាត់ដំបងដែលជា ស្រុកកំណើតរបស់លោក៕
សូមបញ្ចេញមតិនៅទីនេះ