ព្រហស្បតិ៍ , 25 សីហា 2022
នៅក្រោម Ronaldo តែមានគ្រាប់បាល់ច្រើនជាង Messi តើកីឡាកររូបនោះជាអ្នកណា?
(បាល់ទាត់)៖ បើនិយាយពីបាល់ទាត់បច្ចុប្បន្ន ប្រកដណាស់គេ នឹងនឹកឃើញពីឈ្មោះរបស់របស់កំពូលកីឡាករពីរនាក់ គឺខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo និងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi។
កីឡាករទាំងពីរ បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងរយះពេលជិតពីរទស្សវត្តចុងក្រោយនេះ ហើយបើបូកពានរង្វាន់ Ballon d'Or របស់ពួកគេទាំងពីរវិញ គឺមានរហូតដល់ ១២គ្រឿង ពោលគឺ Messi ចំនួន ៧គ្រឿង និង Ronaldo ចំនួន ៥គ្រឿង។
បើនិយាយពីការរកគ្រាប់បាល់ និងការបញ្ចប់ទី ពិតណាស់ពួកគេទាំងពីរសុទ្ធតែរកបានច្រើនគ្រាប់ដូចគ្នា តែខុសត្រង់ថា Ronaldo មានគ្រាប់បាល់ច្រើនជាង Messi ពោលកីឡាករវ័យ ៣៧ឆ្នាំរូបនេះ ត្រូវបានគត់ត្រាថា ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមាន ៨១៥គ្រាប់។
យ៉ាងណាមិញ Messi ដែលជាគូប្រជែងរបស់ Ronaldo មិនមែនជាអ្នករកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី២នោះទេ គឺនៅមានកីឡាករម្នាក់ទៀតដែលនៅបន្ទាប់ពី Ronaldo ប៉ុន្តែមនុស្សជាច្រើនមិនសូវស្គាល់។
មិនមែន Messi មិនមែន Pele មិនមែន Maradona រឹតតែមិនមែន Figo កីឡាករម្នាក់នោះជាអ្នកណា? កីឡាករម្នាក់នោះ គឺជាខ្សែប្រយុទ្ធសញ្ជាតិអូទ្រីស Josef Bican ដែលធ្លាប់លេងឲ្យក្លិបមិនក្រោម ១០នោះទេ ក្នុងអាជីពបាល់ទាត់របស់លោក មាន ៨០៥គ្រាប់។
Josef Bican គឺជាកីឡាករបាល់ទាត់អាជីពជនជាតិអូទ្រីស-ឆេក ដែលបានលេងក្នុងនានជាខ្សែប្រយុទ្ធ។ គាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេទី២ នៅក្នុងការប្រកួតផ្លូវការក្នុងប្រវត្តិសាស្ត្រ ដែលបានកត់ត្រាយោងទៅតាម Rec.Sport.Soccer Statistics Foundation។
Bican បានចាប់ផ្តើមអាជីពរបស់គាត់ដំបូងនៅ Rapid Vienna ក្នុងឆ្នាំ ១៩៣១។ បន្ទាប់ពីបួនឆ្នាំនៅ Rapid គាត់បានផ្លាស់ទៅគូប្រជែងក្នុងស្រុក Admira Vienna ។ លោកបានផ្លាស់ប្ដូរក្លិបជាបន្តបន្ទាប់ ហើយក្លិប Dynamo Praha ជាក្លិបចុងក្រោយដែលលោកលេង មុនពេលសម្រេចចូលនិវត្តន៍នៅឆ្នាំ ១៩៥៥ នឹងបានជាប់ឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលនៅក្នុងលីគទីមួយឆេកូស្លូវ៉ា ជាមួយនឹង គ្រាប់បាល់ ៤៤៧ គ្រាប់៕
សូមបញ្ចេញមតិនៅទីនេះ