ច័ន្ទ , 29 សីហា 2022
ចរិតដ៏ល្អ និងប្រវត្តិជួរចត់ លីម តិចម៉េង ដុតអារម្មណ៍សេដ្ឋីវ័យក្មេង ឌួង ឆាយ ឧបត្ថម្ភ ១ ០០០ ដុល្លារ
អ្នកជំនួញវ័យក្មេង និងអគ្គនាយកក្រុមហ៊ុន Downtown Development ឌួង ឆាយ បានប្រកាសជួយឧបត្ថម្ភជាថវិកាចំនួន ១០០០ ដុល្លារ ដល់បេក្ខជន លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី០៤ ព្រោះលោកធ្លាប់បានស្គាល់ប្រវត្តិយុវជនរូបនេះ និងគ្រួសាររបស់គេច្បាស់រស់នៅខាងបុសខ្នុរ ស្រុកចំការលើ មានជីវភាពកម្សត់ ហើយលំបាកខ្លាំង តែរូបគេខិតខំតស៊ូពីនៅក្មេង ដោយធ្វើការជាអ្នកគង្វាល ។
សាវតាដ៏ល្អ បូករួមនិងការព្យាយាមក្នុងជីវិតនេះហើយ បានដុតអារម្មណ៍ម្ចាស់បុរី ដោនថោន នៅផ្លូវ២០០៤ សេដ្ឋី ឌួង ឆាយ រហូតលោកបានបង្ហាញសណ្តានចិត្ត ផ្តល់កាដូប្រាក់១០០០ដុល្លារ ទ្រទ្រង់ដល់ លីម តិចម៉េង ហើយរូបភាពខាងលើនេះ អាចនិយាយបានថា អ្នកជំនួញវ័យក្មេង ឌួង ឆាយ គឺជាបុគ្គលទីមួយហើយ ដែលបានបង្ហាញក្តីអាណិត ស្រឡាញ់ដល់យុវជនមានជីវភាពខ្សត់ខ្សោយ លីម តិចម៉េង ដែលពោពេញដោយការតស៊ូស្វែងរកភាពជោគជ័យ និងគោលដៅក្នុងជីវិតរបស់ខ្លួន ។ រូបភាពនេះ ក៏ជាគំរូដ៏ល្អសម្រាប់សង្គមជាតិ និងជាវប្បធម៌ចែករំលែកដ៏មានតម្លៃមួយ គួរតែត្រូវបានការកើតសរសើរ ពីសំណាក់ជនរួមជាតិផងដែរ។
គួរបញ្ជាក់ដែរថា កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ វគ្គផ្តាច់ព្រ័ត្រ បានបញ្ចប់នៅយប់ថ្ងៃទី២៨សីហា ដោយបេក្ខជន លីម តិចម៉េង ដែលជាបេក្ខជនមកពីខេត្តកំពង់ចាម បានទទួលបានជ័យលាភីក្លាយជាម្ចាស់ពាន បន្ទាប់ពីបង្ហាញសមត្ថភាពដ៏អស្ចារ្យ ទាំងសម្លេង និងអាកប្បកិរិយា ធ្វើឱ្យគណៈកម្មការទាំង៤ និងអ្នកទស្សនាផ្ទាល់ ក៏ដូចអ្នកទស្សនាតាមការផ្សាយផ្ទាល់ ពេញចិត្ត អាណិតស្រឡាញ់ បានបោះឆ្នោតជ្រើសរូបគេ បេក្ខជនដែលស័ក្តិសមជា Idol របស់ពួកគេម្នាក់ៗ ដោយគ្មានភាពលំអៀងមកពីច្រកណា អាចចូលមកវាយទម្លាក់ លីម តិចម៉េង បានឡើយ៕
សូមបញ្ចេញមតិនៅទីនេះ