ពុធ , 31 សីហា 2022
គ្រូបង្វឹកជម្រើសជាតិថៃ គ្រោងកោះហៅតារាងឆ្នើមរបស់ខ្លួន ពី J.League មកលេងពាន AFF Mitsubishi Electric Cup 2022
(បាល់ទាត់)៖ ពានរង្វាន់បាល់ទាត់ជើងឯកតំបន់អាស៊ាន ដែលប្តូរឈ្មោះថ្មីទៅជា AFF Mitsubishi Electric Cup 2022 ទើបចាប់ឆ្នោតជ្រើសរើសពូលរួចរាល់ នៅថ្ងៃទី៣០ ខែឲសីហា ឆ្នាំ២០២២នេះ ខណៈក្រុមជម្រើសជាតិថៃ ស្ថិតនៅក្នុងពូល A ជាមួយគោព្រៃកម្ពុជា, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ទីម័រខាងកើត ឬ ប្រ៊ុយណេ។
បន្ទាប់ពីការចែកពូលរួចរាល់ លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានបញ្ជាក់ថា ខ្លួនគ្រោងនឹងកោះហៅកីឡាករចំនួន៣នាក់ពី J.League របស់ជប៉ុន មកលេងពានរង្វាន់មួយនេះ។
លោក Mano Polking បាននិយាយថា៖«ខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមបាល់ទាត់ថៃ ដើម្បីយកកីឡាករល្អបំផុត ដើម្បីជួយក្រុម។ យើងដឹងថា មានកីឡាករសំខាន់ៗមួយចំនួន ដែលកំពុងលេងនៅប្រទេសជប៉ុន ដូចជា Chanathip, Supachok និង Chaowat ប៉ុន្តែយើងនៅតែមានពេលវេលា ដើម្បីដោះស្រាយរឿងនេះ»។
លោកបន្តថា៖«យើងក៏ត្រូវគិតគូរពីកាលវិភាគនៃលីកកំពូលជប៉ុន(J-League) និងលីកកំពូលថៃ(Thai League) ផងដែរ ព្រោះឆ្នាំនេះ លីគជាច្រើនត្រូវឈប់សម្រាក កំឡុងព្រឹត្តិការណ៍ World Cup ដែលធ្វើឡើងនៅប្រទេសកាតា។ យើងត្រូវមើលថា តើត្រូវធ្វើអ្វីខ្លះ ដើម្បីអោយកីឡាករល្អៗរបស់យើង អាចជួយក្រុមបាន»។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់ ប្រចាំតំបន់អាស៊ាននេះ បានច្រើនជាងគេ រហូតដល់ទៅ៦លើក តាមពីក្រោយដោយសិង្ហបុរី ដែលមាន ៤លើក វៀតណាម ២លើក និងម៉ាឡេស៊ី ១លើក៕
សូមបញ្ចេញមតិនៅទីនេះ