ព្រហស្បតិ៍ , 01 កញ្ញា 2022
ថន លក្ខិណា កាន់តែឡើងកូដ ក្តោបតំណែងជាពិធីការិនីក្នុងកម្មវិធីធំៗ របស់ទូរទស្សន៍ហង្សមាស
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលនេះកញ្ញា ថន លក្ខិណា ដែលជា តារាសម្តែង និងពិធីការិនី បានបោះជំហានចូលអាជីពសិល្បៈ១៦ឆ្នាំ មកហើយ។
ដ្បិតថាកន្លងមកនេះ លក្ខិណា មិនល្បីល្បាញខ្លាំងដល់កំពូលក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ របស់នាងក៏មិនចេញឆ្ងាយពីទស្សនិកឡើយ។ ជាពិសេស ក្នុងឆ្នាំ២០២២នេះ ថន លក្ខិណា កាន់តែមានប្រជាប្រិយភាពជាងមុន បន្ទាប់ពីអាចក្តោបតំណែង ជាពិធីការិនី នៅក្នុងកម្មវិធីប្រលងចម្រៀងធំៗរបស់ ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដោយជំនួសពិធីការិនី កែវ ចាន់និមល។
កញ្ញា ថន លក្ខិណា ជាសិល្បការិនីមួយរូបពោរពេញដោយទេពកោសល្យ មិនថាការសម្តែងឬក្នុងនាមជាពិធីការិនីឡើយ។ ទោះបីជាកន្លងមក តារាស្រី រូបនេះ ជាពិធីការិនីតាមទូរទស្សន៍នានា និងមានកម្មវិធីច្រើនក្តី ប៉ុន្តែ លក្ខិណា ទទួលបានការគាំទ្រនៅមានកម្រិត។ ចំណែកឯការសម្តែងវិញ នាងក៏បានសម្តែងទាំងនៅក្នុងស្រុក ទាំងក្រៅស្រុក ទើបធ្វើឱ្យប្រជាប្រិយភាពរបស់ នាងទៅមកៗរយៈពេលច្រើនឆ្នាំមកនេះ។
ទោះជាយ៉ាងណា នៅក្នុងឆ្នាំ២០២២ ពោល បន្ទាប់ពី ថន លក្ខិណា បានក្តោប ឱកាសលេចមុខក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ទូរទស្សន៍ហង្សមាស ជំនួសពិធីការិនី កែវ ចាន់និមល មកប្រជាប្រិយភាពរបស់នាងកាន់តែហក់ខ្លាំង ជាងមុន។ តួយ៉ាង ដូចជាកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទើបបញ្ចប់ទៅថ្មីៗនេះ លក្ខិណា បានចាប់ដៃគូជាមួយលោក ជាវិបុល ខណៈកន្លងមក Cambodian Idol ទាំង៣រដូវកាល គឺជាតំណែងរបស់ពិធីការិនី កែវ ចាន់និមល ហើយថ្មីៗនេះទៀតសោតកម្មវិធី I am a singer Cambodia រដូវកាល៣ ដែលចាប់ផ្តើមបាន ១សប្តាហ៍ ថន លក្ខិណា ក៏ជាពិធីការិនីផងដែរ ដោយចាប់ដៃគូជាមួយលោក សុខ រ៉ាស៊ី។ មិនត្រឹមតែឱកាសក្តោបតំណែង ក្នុងកម្មវិធីធំៗ តែប៉ុណ្ណោះទេ ប៉ុន្តែ ពិធីការិនីខាងលើនេះក៏បានតំណែងក្នុងកម្មវិធី ផ្សេងៗរបស់ទូរទស្សន៍ហង្សមាសដូចគ្នា ដូចជាកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» ជាដើម។
ការដែលមានឱកាសក្លាយជាពិធីការិនីក្នុងកម្មវិធីធំៗទាំងនេះហើយ ទើបធ្វើឱ្យ មហាជនកាន់តែចាប់ភ្លឹកទៅលើ ថន លក្ខិណា ទ្វេដង ព្រមទាំងសរសើរពីភាព ស្រស់ស្អាត ការតុបតែងខ្លួនរបស់នាងស័ក្តិសមទៅតាមកម្មវិធី។ រីឯសមត្ថភាពរបស់ តារាស្រីរូបនេះក៏អាចនិយាយបានច្រើនភាសាមានចំណេះដឹងទូលំទូលាយ ថែមទាំងពុំមានរឿងអាស្រូវណាមួយធ្វើឱ្យ លក្ខិណា បាត់ប្រជាប្រិយភាព។ ជាពិសេស នាងក៏ជាតារាស្រីដែលមិនចាយសម្រស់ស៊ិចស៊ីខ្លាំងដើម្បីទាញប្រជាប្រិយភាពឡើយ៕
សូមបញ្ចេញមតិនៅទីនេះ