សុក្រ , 02 កញ្ញា 2022
David de Gea ឧទ្ទិសឈ្នះ Man Utd ដល់យាយរបស់ខ្លួន ជាមួយនឹងសារដ៏រំជួលចិត្ត
(បាល់ទាត់)៖ អ្នកចាំទីចាស់វស្សារបស់បិសាចក្រហម David de Gea បានគោរពវិញ្ញាណក្ខន្ធលោកយាយរបស់ខ្លួន បន្ទាប់ពីក្រុម Manchester United ឈ្នះ 1-0 នៅ Premier League ទល់នឹងក្រុមកញ្រ្ជោងខៀវ Leicester កាលពីយប់ថ្ងៃព្រហស្បតិ៍។
Man United បានទទួលជ័យជម្នះនៅកីឡដ្ឋាន King Power ដោយការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើវ័យក្មេង Jadon Sancho ក្នុងតង់ទីមួយ។ លទ្ធផលនេះ ធ្វើឱ្យក្រុមរបស់ Erik ten Hag ឈរនៅលេខរៀងទីប្រាំ ក្នុងក្របខ័ណ្ឌ Premier League។
De Gea បានបង្ហាញទម្រង់លេងយ៉ាងរឹងមាំទល់នឹងដែលមានរហាស់នាម Foxes ដោយបដិសេធការទាត់បាល់ហ្វ្រីឃីកយ៉ាងស្អាតរបស់ James Maddison ជាមួយនឹងការសង្រ្គោះបាល់យ៉ាងអស្ចារ្យ។
De Gea មិនបាននិយាយជាសាធារណៈអំពីការស្លាប់របស់លោកយាយរបស់ខ្លួន មុនពេលការប្រកួត កាលពីយប់ថ្ងៃព្រហស្បតិ៍នោះទេ។ ប៉ុន្តែកីឡាករអន្តរជាតិអេស្បាញ បានបង្ហោះចូលប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការឈ្នះ ដើម្បីបង្ហោះរូបភាពនៃការសង្គ្រោះដ៏សំខាន់របស់គាត់ ប្រឆាំងនឹង Maddison និងសរសេរសាររំជួលចិត្តទៅកាន់សាច់ញាតិរបស់គាត់។
David De Gea បានសរសេរនៅលើ Facebook, Instagram និង Twitter ថា៖«ការសង្គ្រោះបាល់ និងជ័យជំនះនេះ គឺសម្រាប់អ្នកលោកយាយ។ ចាំមើលខ្ញុំហោះ ទៅកន្លែងណា ដែលមានអ្នក »។
ភ្លាមៗនោះ កីឡាករបាល់ទាត់ជាច្រើន បានចូល Comment ដើម្បីលើកទឹកចិត្ត De Gea រួមទាំងមិត្តរួមក្រុមបច្ចុប្បន្ន Alejandro Garnacho, Raphael Varane និង Casemiro។ អតីតតារាឆ្នើមរបស់ក្លឹបបិសាចក្រហម Juan Mata និងមិត្តរួមសញ្ជាតិ Kepa Arrizabalaga ក៏បានចូលរួមលើកទឹកចិត្តផងដែរ។
គួរបញ្ជាក់ថា De Gea បានផ្លាស់ពីក្រុម Atletico Madrid មកកាន់ទឹកដី Old Trafford តាំងពីរដូវក្តៅឆ្នាំ 2011 ។ គេបានបង្ហាញខ្លួនជិត 500 ដង សម្រាប់ក្រុម Man United ដោយឈ្នះពានរង្វាន់ចំនួន7 រួមទាំងពានរង្វាន់ Premier League, FA Cup, EFL Cup និង Europa League ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ