សុក្រ , 02 កញ្ញា 2022
Liverpool យកបាន Arthur ពី Juventus ក្រោមលក្ខខណ្ឌខ្ចីជើង
ក្លិបហង្សក្រហម Liverpool បានចុះកុងត្រាជាមួយខ្សែបម្រើរបស់សេះបង្កង់ Juventus កីឡាករ Arthur Melo ក្រោមលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។
កីឡាករសញ្ជាតិប្រេស៊ីល វ័យ២៦ឆ្នាំ បានបង្ហាញខ្លួន៣១ប្រកួតឲ្យ Juventus កាលពីរដូវកាលមុន ប៉ុន្តែក្នុងរដូវកាលថ្មីនេះមិនទាន់បានលេងមួយប្រកួតនៅឡើយទេ។ ការមកដល់កីឡដ្ឋាន Anfield គឺដើម្បីជួយ Liverpool ដែលកំពុងមានវិបត្តិខ្សែបម្រើរបួសច្រើន។
មកដល់ក្លិបថ្មី Arthur បាននិយាយថា គេពិតជាសប្បាយចិត្តដែលបានមកលេងនិងពាក់អាវរបស់ Liverpool។ វាគឺជាក្ដីស្រមៃមួយ ហើយគេនឹងផ្ដល់គ្រប់យ៉ាងដែលខ្លួនមានទៅឲ្យហង្សក្រហម។
មែនទែនទៅ Liverpool ពេលនេះ កំពុងមានខ្សែបម្រើរបួសជាច្រើននាក់ដូចជា Henderson, Thiago Alcantara, Naby Keita និង Alex Oxlade-Chamberlain។
គួរបញ្ជាក់ថា Arthur ធ្លាប់បង្ហាញខ្លួន២២ប្រកួតឲ្យជម្រើសជាតិប្រេស៊ីល ឈ្នះពាន Copa America កាលពីឆ្នាំ ២០១៩ ជាមួយ Alisson Becker និង Roberto Firmino ដែលជាកីឡាកររបស់ Liverpool បច្ចុប្បន្ន៕
សូមបញ្ចេញមតិនៅទីនេះ