អង្គារ , 06 កញ្ញា 2022
ពីសមាជិកក្រុមបាល់ទាត់ភ្នំពេញក្រោន ក្លាយជាកីឡាការិនីហុកគីជម្រើសជាតិកម្ពុជា
សមាជិកនៃក្រុមកីឡាការិនីហុកគីជម្រើសជាតិកម្ពុជា ឌី គឹមយាន ជាអតីតកីឡាការិនីបាល់ទាត់ភ្នំពេញក្រោន និងធ្លាប់ហ្វឹកហាត់កីឡាវូស៊ូ មុននឹងសម្រេចចិត្តជ្រើសរើសកីឡាដែលលេងដោយប្រើដៃរហូតដល់សព្វថ្ងៃ។
កីឡាការិនី ឌី គឹមយាន កើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០១ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាងបានចាប់ផ្ដើមលេងកីឡាដំបូងគឺបាល់ទាត់ នៅឆ្នាំ២០១៧ ដោយពេលនោះរួមរស់ជាមួយក្លិបបាល់ទាត់នារីភ្នំពេញក្រោន ក្នុងតួនាទីជាខ្សែបម្រើ។ លុះចូលដល់ឆ្នាំ២០១៨ កីឡាការិនីរូបនេះបានចាប់ផ្ដើមហាត់កីឡាវូស៊ូ ប៉ុន្តែបានត្រឹមតែហ្វឹកហាត់ រួចក៏បន្ថែមការហ្វឹកហាត់កីឡាហុកគី ក្នុងឆ្នាំជាមួយគ្នា។ ក្រោយមកកីឡាការិនីវ័យ ២១ឆ្នាំរូបនេះ បានសម្រេចចាប់អាជីពកីឡាហុកគីពិតប្រាកដ និងប្រឹងប្រែងរហូតបានជាប់ជម្រើសជាតិនៅឆ្នាំ២០២០។
ជាមួយនឹងការផ្លាស់ប្ដូរពីកីឡាបាល់ទាត់ ទៅលេងកីឡាហុកគី ឌី គឹមយាន បានបង្ហើបពីមូលហេតុដោយសារយល់ឃើញកីឡាទាំងពីរនេះមានលក្ខណៈស្រដៀងគ្នា បូករួមជាមួយនឹងការចាប់អារម្មណ៍ ទន្ទឹមគ្នាដោយការមានឱកាស ទើបសម្រេចជ្រើសរើសលេងកីឡាហុកគី។
កីឡាការិនីវ័យ ២១ឆ្នាំរូបនេះបានចាត់ទុកថាបន្ទាប់ពីការប្រកួត នៅប្រទេសថៃរួច ធ្វើឲ្យខ្លួនទទួលបានបទពិសោធន៍ដ៏ល្អមួយទៀត សម្រាប់ជាមេរៀនដើម្បីត្រៀមខ្លួន ហ្វឹកហាត់ និងពង្រឹងបច្ចេកទេស កម្លាំងកាយ និងប្រឹងបង្កើនសមត្ថភាពទាំងខ្លួនឯងផ្ទាល់ និងមិត្តរួមក្រុមឱ្យបានរីកចម្រើនបន្ថែមទៀត។
ពិសេសជាងនេះទៅទៀត គឺការខិតខំប្រឹងប្រែងចាប់យកនូវរាល់ការពន្យល់ណែនាំពីពីក្រុមគ្រូបង្វឹកដើម្បីអភិវឌ្ឍសមត្ថភាពសម្រាប់ត្រៀមស៊ីហ្គេម នាឆ្នាំក្រោយនេះ៕
សូមបញ្ចេញមតិនៅទីនេះ