×

មកដឹងពីបទពិសោធ ប៊ី សុធារី មុននឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss Charm 2023

កម្សាន្ត៖ កញ្ញា ប៊ី សុធារី គឺជាតារាសម្តែង និងម៉ូឌែលល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេស នាងមានបទពិសោធច្រើនលើវិស័យបវរកញ្ញាជាង១០ឆ្នាំមកហើយ។ ជាមួយគ្នានេះ ប៊ី សុធារី ក្លាយជាបេក្ខភាព Miss Charm Cambodia តំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss Charm 2023 នៅលើទឹកដីប្រទេសវៀតណាម នាខែកុម្ភៈ។ យ៉ាងណាមិញយើងមកដឹងជាមួយ Lee News ទាំងអស់គ្នាថា ប៊ី សុធារី ឆ្លងកាត់បទពិសោធកម្មវិធីណាខ្លះ មុនតំណាងប្រទេសកម្ពុជាចូលរួមប្រកួតវិស័យបវរកញ្ញាអន្តរជាតិ។ ប៊ី សុធារី មានស្រុកកំណើតនៅរាជធានីភ្នំពេញ នាងមានវ័យ២៥ឆ្នាំ ជាតារាសម្តែង និងអាជីព ម៉ូឌែល ដែលមានរាងតូចច្រឡឹងចង្កេះត្រឹម២២cm ប៉ុណ្ណោះ។ សុធារី មានបទពិសោធក្រាស់ក្រែលលើវិស័យបវរកញ្ញា និង ម៉ូឌែល។ តួយ៉ាង មុននឹង ប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Charm 2023 ប៊ី សុធារី ជាអតីតបេក្ខភាពម្នាក់ក្នុងកម្មវិធី Asia Model Festival 2013 នៅលើទឹកដីប្រទេសកូរ៉េ និងបានចូលរួមក្នុងកម្មវិធី Miss Asian 2013 នៅប្រទេសថៃ ។ ចូលដល់ឆ្នាំ២០១៤ បវរកញ្ញារូបនេះ បានចូលរួមប្រកួតក្នុងកម្មវិធី Miss Southeast Asian 2014 នៅប្រទេស ថៃ ដោយទទួលបានពានរង្វាន់ចំនួន២ មានដូចជា ពាន Miss Elegance និងពាន Best in evening wear ។ ក្នុងឆ្នាំ២០១៥ ប៊ី សុធារី បានចូលរួមប្រកួតក្នុងកម្មវិធី Supermodel International 2015 ក្នុងប្រទេសភីលីពីន ដោយទទួលបានចំណាត់ថ្នាក់លេខ៣។ បន្ថែមពីនេះ ប៊ី សុធារី នេះហើយគឺជាបវរកញ្ញាបើកឆាកដំបូងលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Universe ឱ្យប្រទេសដទៃស្គាល់ Cambodia ក្នុងឆ្នាំ២០១៧ នៅលើទឹកដីសហរដ្ឋអាម៉េរិក។ ម្ចាស់មកុដ Miss Cambodia 2016 រូបនេះត្រូវបានអញ្ជើញចូលរួមទទួលពាន នៅក្នុងកម្មវិធី Asia Model Fastival Award នៅឯ ប្រទេសកូរ៉េ ក្នុងឆ្នាំ២០១៩ផងដែរ។ បទពិសោធខាងលើនេះនៅមិនទាន់អស់នៅឡើយទេ កញ្ញា ប៊ី សុធារី នឹងតំណាងប្រទេសកម្ពុជាចូលរួមម្តងទៀតក្នុងកម្មវិធី Miss Charm នៅប្រទេសវៀតណាមក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាមួយបទពិសោធន៍ខាងលើនេះ ប៊ី សុធារី ក៏ជាតួអង្គសំខាន់មួយក្នុងរឿងភាគបុរាណរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស «ម្ចាស់កីតម្បាញ» ដែលកំពុងចាក់ផ្សាយ ខណៈនាងក៏មានវត្តមានក្នុងខ្សែភាពយន្តខ្នាតធំដែលប្រជុំដោយតួអង្គល្បីៗគឺរឿង «អប្សរាមហាអង្គរ »។ មិនត្រឹមតែប៉ុណ្ណោះ ប៊ី សុធារី ជាគ្រូបង្វឹកការដើរម៉ូដ ដែលមានឈ្មោះក្លិបថា «Bee Modelling class» ៕
ព្រហស្បតិ៍ , 26 មករា 2023 75 អ្នកទស្សនា 4 ថ្ងៃកន្លងទៅ