×

លោក តាន់ គីមសួរ ព្រួយបា.រម្ភសុវត្ថិភាព តារាកំប្លែងនាយ ពាក់មី ក្រោយបង្ហាញរូបភាព និងមតិ ការកា-ប់ព្រៃឈើនៅភ្នំឱរ៉ាល់

កម្សាន្ត៖ លោក តាន់ គីមសួរ ប្រធានគម្រោងបៃតងវ៉រៀសន៍ ដែលសកម្មភាពរបស់លោក ផ្តោតលើរឿងបរិស្ថាន បានបង្ហោះសារព្រួយបារម្ភពីសុវត្ថិភាព តារាកំប្លែងនាយ ពាក់មី ក្រោយពីតារាកំប្លែងរូបនេះរងការគំរាមកំហែងពីបុរសម្នាក់ បន្ទាប់ពីនិយាយ រឿងការកាប់ព្រៃឈើនៅតំបន់ជួរភ្នំឱរ៉ាល់។ ថ្មីៗនេះ តារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី បានបង្ហោះសារនិងរូបភាពនៅតំបន់ភ្នំ ឱរ៉ាល់ នៅពេលលោកបានធ្វើដំណើរកម្សាន្តផ្សងព្រេងជាមួយគ្រួសារ ដោយបាននិយាយរឿងព្រៃឈើដែលត្រូវកាប់បំផ្លាញ ដឹកចេញពីតំបន់នោះដោយមិនអាចបង្រ្កាបបាន។ ការលើកឡើងរបស់តារាកំប្លែងល្បីឈ្មោះរូបនេះ បានធ្វើឱ្យមហាជនបង្ហាញចំណាប់អារម្មណ៍កោតសរសើរដល់លោកដែលឈឺឆ្អាលរឿងប្រទេសជាតិ ខណៈក៏មានអ្នកចំនួនហាមឃាត់លោកកុំឱ្យលូកដៃលើរឿងនេះដូចគ្នា។ នាយ ពាក់មី បានបង្ហោះកាលល្ងាចថ្ងៃទី២២ ខែមករា ថា «មានវីដេអូ តែមិនទាន់ផុស ព្រៃឈើ នៅភ្នំឱរ៉ាល់ ខ្ញុំឆ្ងល់ ឈើដឹកចេញតែតាមមុខផ្ទះសោះ ហេតុអីបង្ក្រាបមិនបាន?»។ បន្ទាប់ពីលើកឡើងដូចនេះហើយ លោកក៏បានបង្ហោះទៀតថា «គេថា ខ្ញុំតារា មិនគួរនិយាយរឿងនេះ នេះជាវីដេអូ នៃការ កាប់ បំផ្លាញ ព្រៃឈើ នៅជួរភ្នំឱរ៉ាល់»។ ទន្ទឹមនឹងការបង្ហោះវីដេអូ របស់នាយពាក់មី លោក តាន់ គីមសួរ បានបង្ហោះសារនៅថ្ងៃទី២៤ ខែមករានេះថា «ខ្ញុំបារម្ភពីបងពែកមី ទឹកចិត្តរបស់បងប្រុសមានទំហំធំធេងណាស់ អរគុណចំពោះការលះបង់របស់បងប្រុស» ។ ការលើកឡើងរបស់លោក តាន់ គីមសួរ ខាងលើនេះ បន្ទាប់ពីតារាកំប្លែង ពាក់មី បានរងការគំរាមកំហែងពីបុគ្គលម្នាក់។ ក្នុងសារតែលោក តាន់ គីមសួរ ទម្លាយនោះក៏បានបង្ហាញឱ្យយើងឃើញពីសារឆ្លើយឆ្លងរវាង លោក តាន់ គីមសួរ និងលោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានបង្ហាញការតាំងចិត្តបែបនេះថា «គេគំរាមបង លះបង់ដើម្បីប្រយោជន៍ជាតិខ្លះហើយអូន កើតមកគង់តែស្លាប់ជីវិតបងជោគជ័យដល់ចំណុចកំពូលហើយ ស្លាប់ទៅគ្មានស្តាយអីទេអូន ជាកម្មករសំណង់ម្នាក់ ក្លាយជាតារាល្បីម្នាក់ប្រចាំប្រទេស ជាតិនេះអស្ចារ្យពេកហើយ»៕
ពុធ , 25 មករា 2023 6.8K អ្នកទស្សនា 5 ថ្ងៃកន្លងទៅ